ឥណ្ឌូណេស៊ី បើកឆាកឈ្នះកូរ៉េខាងត្បូង នៃពានរង្វាន់យុវជនកម្រិតទ្វីប AFC U17 Asian Cup 2025
ក្រុមបាល់ទាត់យុវជនពីតំបន់អាស៊ានចំនួន ៣បានធ្វើការប្រកួតបើកឆាករួចរាល់ ដោយថៃបើកឆាកចាញ់អ៊ូសបេគីស្ថាន វៀតណាម ស្មើជាមួយអូស្ត្រាលី ខណ:ឥណ្ឌូណេស៊ី ឈ្នះកូរ៉េខាងត្បូង ក្នុងការប្រកួតពានរង្វាន់យុវជនកម្រិតទ្វីប AFC U17 Asian Cup 2025។

រំលឹកថា ក្រោយឆ្លងផុតវគ្គជម្រុះ ក្រុមពីតំបន់អាស៊ាន ៣បានឡើងមកកាន់វគ្គនេះក្នុងនោះក៏មានថៃ វៀតណាម និងឥណ្ឌូណេស៊ី ដែលជាសមាជិកអាស៊ានចូលរួមប្រកួតប្រជែងផងដែរ។ ខណ:ការប្រកួត បានធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយមាន ១៦ក្រុមចូលរួម។
លទ្ធផលបើកឆាក២ប្រកួត ពូល A៖
- អ៊ូសបេគីស្ថាន ៤-១ ថៃ
- អារ៉ាប៊ីសាអូឌីត ២-១ ចិន។


លទ្ធផលបើកឆាក២ប្រកួត ពូល B៖
- អូស្រ្តាលី ១-១ វៀតណាម
- ជប៉ុន ៤-១ អេមីរ៉ាតអារ៉ាប់រួម។


លទ្ធផលបើកឆាក២ប្រកួត ពូល C៖
- កូរ៉េខាងត្បូង ០-១ ឥណ្ឌូណេស៊ី
- យេម៉ែន ២-០ អាហ្វហ្គានីស្ថាន។


សម្រាប់ពានរង្វាន់យុវជនកម្រិតទ្វីប AFC U17 Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ១៩៨៥ ពោលគឺមានអាយុកាលជាង ៣៩ឆ្នាំហើយ ខណៈក្រុមយុវជនជប៉ុន ឈ្នះជើងឯងច្រើនជាងគេសរុប៤លើក កូរ៉េខាងត្បូង, កូរ៉េខាងជើង, ចិន, អារ៉ាប់ប៊ីសាអូឌីត, អូម៉ង់, បានចំនួន២លើក រីឯក្រុមជម្រើសជាតិកាតា, អ៊ីរ៉ុង, អ៊ូសបេគីស្ថាន, ថៃ និងអ៊ីរ៉ាក់ ឈ្នះ១លើកដូចគ្នា៕
Post a Comment