គួរឱ្យស្ញប់ស្ញែងណាស់! វ័យ ៨០ ឆ្នាំហើយ លោកព្រឹទ្ធាចារ្យ មាស វង្ស នៅតែស្វាហាប់បង្ហាត់បង្រៀនសិស្សជំនាន់ក្រោយ
សិល្បៈជាតិ៖ តាមរយៈវីដេអូដែលបានចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេក នាដកាខ្មែរ នាពេលថ្មីៗកន្លងនេះបានឱ្យឃើញថា លោកព្រឹទ្ធាចារ្យ មាស វង្ស ទោះមានវ័យ ៨០ ឆ្នាំហើយ ប៉ុន្តែលោកនៅតែស្វាហាប់រហ័សរហួនបង្ហាត់បង្រៀនដល់សិស្សជំនាន់ក្រោយដែលជាទំពាំងស្នងមរតកវប្បធម៌។

លោកព្រឹទ្ធាចារ្យ មាស វង្ស មានឈ្មោះក្រៅហៅថា អៀង ត្រូវបានគេដឹងថាជាសាស្ត្រាចារ្យនាដសាស្ត្រពហុជំនាញ ដោយលោកធ្លាប់បង្ហាញការសម្ដែងជា តួអង្គហុនមានក្នុងទម្រង់ល្ខោនខោលតាំងពីជំនាន់សម្ដេចមហាក្សត្រយានី ព្រះកុសមៈនារីរ័ត្ន ទសវត្ស ៦០ ។ លោកក៏ធ្លាប់សម្ដែងជាតួសេនានៅក្នុងទម្រង់ល្ខោនយីកេរឿង «ម៉ាក់ថឺង» និងសម្ដែងជាតួអង្ដពោរពេញដោយភាពកំប្លុកកំប្លែង ក្នុងល្ខោនអាប៉េរឿង «ព្រះចន្ទគោរព» ជាដើម។ ស្នាដៃរបស់លោកត្រូវបានសិស្សនិស្សិតដែលជាអ្នកបន្តវេនត្រង់យកចំណេះវិជ្ជា។

ត្បិតថាតួលេខនៃអាយុមានដល់ខ្ទង់ ៨០ ឆ្នាំទៅហើយ ប៉ុន្តែសុខភាពរបស់លោកព្រឹទ្ធាចារ្យ មាស វង្ស ហាក់នៅរឹងមាំរហ័សរហួនល្អណាស់ រហូតដល់មហាជនអ្នកលេងបណ្ដាញសង្គមស្ញើចសរសើរពីការថែទាំសុខភាពរបស់លោកព្រឹទ្ធាចារ្យ ជាពិសេសសរសើរដល់ទឹកចិត្តលោកព្រឹទ្ធាចារ្យដែលស្រលាញ់និងលះបង់គ្រប់បែបដើម្បីតែថែរក្សាសិល្បៈវប្បធម៌ខ្មែរឱ្យមានដង្ហើមរស់បន្តមកដល់កូនចៅជំនាន់ក្រោយ។
នៅថ្ងៃពិធីសូត្រមន្តចម្រើនព្រះបរិត្តឆ្នាំថ្មី បង្សុកូលជូនបុព្វការីជនផ្នែកសិល្បៈវប្បធម៌ជាតិ និងពិធីសំពះគ្រូប្រចាំឆ្នាំ លោកព្រឹទ្ធាចារ្យ មាស វង្ស បានលើកឡើងថា លោកមានវ័យ ៨០ ឆ្នាំហើយ ប៉ុន្តែប៉ុន្មានខែខាងមុខនេះទៀតឈានចូល ៨១ឆ្នាំហើយ ដូច្នោះរាល់ចំណេះជំនាញដែលមានក្នុងខ្លួនរបស់លោក គឺលោកមិនលាក់ទុកទៅតាមខ្លួននោះទេ ពោលគឺលោកបញ្ចេញអស់មកបង្ហាត់បង្រៀនដល់សិស្សគ្រប់គ្នាដែលមានចិត្តស្រឡាញ់ពីសិល្បៈវប្បធម៌ជាតិរហូតដល់ ៣០ ឆ្នាំទៅមុខទៀត។

សូមជម្រាបថា ទាំងអស់ដូចបានរៀបរាប់ខាងលើនេះគឺជាព័ត៌មានខ្លះពីលោកព្រឹទ្ធាចារ្យ មាស វង្ស ដែលសារព័ត៌មានត្រយងបានណែនាំជូនប្រិយមិត្តអ្នកអាន។ ប៉ុន្តែកុំភ្លេចរង់ចាំអាន និងតាមដានអំពីសាវតាររបស់លោកព្រឹទ្ធាចារ្យ មាស វង្ស បន្តទៀតដែលសារព័ត៌មានត្រយងនឹងស្រាវជ្រាវបន្ត៕
Post a Comment