កិច្ចព្រមព្រៀង GBC បំភ្លឺផ្លូវសន្តិភាព៖ កម្ពុជា និងថៃ បំលែងកិច្ចព្រមព្រៀងឈប់បាញ់ ក្លាយជារបត់សន្តិភាពពិតប្រាកដ

 

(ភ្នំពេញ)៖ ១០ថ្ងៃ ក្រោយការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់គ្នាត្រូវបានអនុវត្ត, ព័ត៌មានថ្មីនៃពន្លឺសន្តិភាព ក៏បានឈានមកដល់ថែមទៀត។ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡំពួ នៃប្រទេសម៉ាឡេស៊ី កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ បានផ្តល់នូវគ្រាប់ពូជសន្តិភាពមកប្រទេសទាំងពីរហើយ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញសារៈសំខាន់នយោបាយនៃកិច្ចព្រមព្រៀង GBC ជាប្រវត្តិសាស្ត្រនេះ៖

បន្ទាប់ពីភាពស្ងប់ស្ងាត់បណ្តោះអាសន្ននៃស្នូរផ្ទុះអាវុធតាមបណ្តោយព្រំដែន ក្រោយការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់គ្នា, ភាពវិវឌ្ឍន៍ថ្មីប្រកបដោយវិជ្ជមាន ក៏បានលេចចេញជាបន្តបន្ទាប់ថែមទៀត នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ វាជាសញ្ញាក្តីសង្ឃឹមដ៏រឹងមាំថា ការធ្វើដំណើរទៅរកសន្តិភាពលើព្រំដែនរវាងកម្ពុជា និងថៃ កំពុងចាប់ផ្តើមយ៉ាងច្បាស់លាស់។

ជាលទ្ធផលនៃការចរចាដ៏សំខាន់រវាងកម្ពុជា និងថៃ ដោយមានការចូលរួមសង្កេតការណ៍ពី ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន, ពីសហរដ្ឋអាមេរិក និងពីសាធារណរដ្ឋប្រជាមានិតចិន កិច្ចព្រមព្រៀងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នេះមិនត្រឹមតែជាការព្រមព្រៀងឈប់បាញ់ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតនូវយន្តការច្បាស់លាស់សម្រាប់អនុវត្តការត្រួតពិនិត្យ និងការការពារពីអំពើបំពានឡើងវិញផងដែរ។ លទ្ធផលនេះ គឺជាការប្តេជ្ញារួមក្នុងការរក្សាសន្តិភាព ជួយបន្ថយភាពតានតឹង និងបង្កើតលក្ខខណ្ឌដ៏សមស្របសម្រាប់ដំណោះស្រាយយូរអង្វែងរវាងប្រទេសទាំងពីរ។

* តើភាពវិវឌ្ឍន៍ថ្មី មានអ្វីខ្លះ?
ចំណុចសំខាន់ៗ នៃលទ្ធផលក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅវិសាមញ្ញ (GBC) រវាងកម្ពុជា និងថៃ ប្រារព្ធឡើងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី មានដូចតទៅនេះ៖

១៖ ការប្តេជ្ញាចិត្តសំខាន់ៗស្តីពីបទឈប់បាញ់ និងការកាត់បន្ថយការកើនឡើង
ក. កិច្ចព្រមព្រៀងឈប់បាញ់ជាផ្លូវការ និងទូលំទូលាយ៖ ភាគីទាំងពីរបានយល់ព្រមលើបទឈប់បាញ់ពេញលេញ ដែលពាក់ព័ន្ធនឹងគ្រឿងសព្វាវុធគ្រប់ប្រភេទ ដោយផ្តោតលើតំបន់យោធា និងតំបន់ស៊ីវិល។ ភាពប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នេះ ត្រូវបានធ្វើឡើងនូវការសន្យាថា គ្មានការបំពានណាមួយនឹងត្រូវបានអនុញ្ញាតទេ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ។

ខ. មិនឱ្យមានបង្កើនកម្លាំងទ័ព និងចលនាកងទ័ព៖ កងទ័ពដែលត្រូវបានពង្រាយទាំងអស់កន្លងមក ត្រូវតែនៅស្ថានភាពដដែល ដូចអ្វីដែលធ្លាប់មានតាំងពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ គ្មានការធ្វើចលនាទ័ព ការពង្រឹងទ័ព ឬការល្បាតឆ្លងដែន ត្រូវបានអនុញ្ញាតឡើយ។

គ. ការការពារសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ៖ ការព្យាបាលទាហាន ដែលត្រូវបានចាប់ខ្លួនត្រូវតែគោរពតាមអនុសញ្ញាទីក្រុងហ្សឺណែវ (១៩៤៩)។ ការធ្វើមាតុភូមិនិវត្តន៍នៃអ្នកបាត់បង់ជីវិត ត្រូវតែធ្វើឡើងដោយគោរព និងស្របតាមគោលការណ៍មនុស្សធម៌។

ឃ. កិច្ចសហប្រតិបត្តិការព្រំដែន និងការសម្របសម្រួលយោធា៖ ភាគីទាំងពីរ នឹងកោះប្រជុំគណៈកម្មាធិការព្រំដែនក្នុងតំបន់ (RBC) ក្នុងរយៈពេលពីរសប្តាហ៍។ កិច្ចព្រមព្រៀងបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដឹកនាំដោយម៉ាឡេស៊ី ត្រូវបានរៀបចំដើម្បីតាមដានការអនុវត្តបទឈប់បាញ់។

ង. ប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត៖ ភាគីទាំងពីរប្តេជ្ញា មិនផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិតឡើយ។ គោលដៅ គឺដើម្បីកាត់បន្ថយភាពតានតឹងសាធារណៈ និងរក្សាបរិយាកាសដែលអំណោយផលដល់ការសន្ទនា។

២៖ យន្តការត្រួតពិនិត្យ និងអនុវត្តបទឈប់បាញ់
ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន Interim Observer Team (IOT) នឹងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសនីមួយៗ រួមមានមន្ត្រីអនុព័ន្ធការពារជាតិអាស៊ាន ដែលឈរជើងនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ។ ក្រុមទាំងនេះ នឹងតាមដានបទឈប់បាញ់នៅក្នុងទឹកដីនៃប្រទេសនីមួយៗ ដោយមិនឆ្លងព្រំដែនឡើយ។ ប្រទេសម្ចាស់ផ្ទះនីមួយៗ អញ្ជើញសមាជិក IOT របស់ខ្លួនដោយឯករាជ្យ ដោយមានការប្រឹក្សាជាមួយម៉ាឡេស៊ី។

៣៖ កិច្ចប្រជុំ GBC បន្ទាប់
កិច្ចប្រជុំ GBC បន្ទាប់ នឹងត្រូវបានកំណត់ពេលក្នុងរយៈពេលមួយខែ បន្ទាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។ ប្រសិនបើចាំបាច់សម័យប្រជុំវិសាមញ្ញក្នុងទម្រង់ដូចគ្នានឹងអាចត្រូវបានកោះប្រជុំភ្លាមៗ។

* ឥទ្ធិពលនយោបាយ និងយុទ្ធសាស្ត្រ
ឯកសារនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន បន្ទាប់ពីអន្តរាគមន៍ការទូតអន្តរជាតិពីមុន (រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងអាស៊ាន)។ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា និងថៃក្នុងការស្តារសន្តិភាព និងស្ថិរភាពតាមរយៈការសន្ទនា និងការអត់ធ្មត់។ វាក៏បើកជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការទប់ស្កាត់ជម្លោះ ជាពិសេសតាមរយៈយន្តការសម្របសម្រួលអាស៊ាន។

* ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងតាមបណ្តាញសង្គមជាផ្លូវការនារសៀល ថ្ងៃទី៧ ខែសីហាថា៖ «ខ្ញុំសូមសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥»។

សម្តេចបវរធិបតី បានបញ្ជាក់ថា៖ «កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នារវាងខ្ញុំ និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន»។ សម្តេចធិបតី បានថ្លែងថា កម្ពុជាក៏បានស្នើសុំឲ្យមានការដោះលែងយោធិនកម្ពុជាទាំង១៨រូប ដែលស្ថិតនៅក្នុងការឃុំគ្រងរបស់កងទ័ពថៃឲ្យបានឆាប់រហ័សផងដែរ។

គេរំពឹងថា យោងតាមស្មារតីនៃកិច្ចព្រមព្រៀងចុងក្រោយនេះ ភាគីថៃ នឹងបង្ហាញស្មារតីសន្តិភាពដោយការដោះលែងយោធិនខ្មែរទាំង១៨រូបនោះ ដើម្បីឱ្យដំណើរស្វែងរកសន្តិភាពនឹងកាន់តែទទួលបានការគាំទ្រពេញលេញពីប្រជាជន និងសហគមន៍អន្តរជាតិ។

កិច្ចព្រមព្រៀងនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃ «ផ្លូវទៅរកសន្តិភាពសាឡើងវិញ»។ ប្រសិនបើភាគីទាំងពីរអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមការប្តេជ្ញានៅលើក្រដាស និងមានការត្រួតពិនិត្យដោយត្រឹមត្រូវ កម្ពុជា និងថៃ នឹងអាចធ្វើឱ្យភាពប្តេជ្ញាចិត្តនៃការបញ្ចប់សង្គ្រាម ក្លាយជាការពិត ហើយបើកជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការប្រកបដោយការជឿជាក់ និងសុវត្ថិភាពសម្រាប់ប្រជាជននៅតំបន់ព្រំដែន៕









 


Powered by Blogger.